តើជនបរទេសអាចសុំចូលសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?

ច្បាប់សញ្ជាតិ , ជនបរទេស 

ជាធម្មតាជនជាតិខ្មែរតែងតែ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ដោយឡែកចំពោះជនបរទេសដែល ចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាម លក្ខខណ្ឌ និងវិធានផ្សេងៗដែល ប្រទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេស អាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាម ច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល។ ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី  នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តទៅតាមរយៈ៖ 


១. ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។         

២. ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។

យោងតាមមាត្រា ១២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​ ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។

៣. ការទទួលបានសញ្ជាតូបនីយកម្ម

យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់ប្រទេសកម្ពុជាបាន។

ម្យ៉ាងវិញទៀត ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ  ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ ។ លើសពីនេះទៀត ជនបរទេសអាចសុំដូរផ្លាស់ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។​

ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ៖

ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ

ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ

ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​

ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ នៅពេល​ដាក់ពាក្យ​សុំ​ស​ញ្ជា​តូប​នី​កម្ម​

ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​។ ហើយ​បង្ហាញ ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់​និង​ប្រពៃណី​ល្អ​របស់​ខ្មែរ

ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​។​

ចំពោះជនបរទេសដែល រស់នៅដោយស្របច្បាប់នៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំ អាចដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន តាមរយៈសញ្ជាតូបនីយកម្មដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលច្បាប់តម្រូវទើបអាចទទួលសញ្ជាតិខ្មែរបាន។ បន្ថែមជាងនេះទៅទៀត ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ ។


រីឯ ជនបរទេសដែលបានទទួលលិខិតអនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច(ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជន​បរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា ១៩នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោង វិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ។


ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ។


បន្ថែមជាងនេះទៅទៀត  ចំពោះ​ជនបរទេស​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់​ពាក្យ​ស្នើសុំចូលសញ្ជាតិ​ខ្មែរដោយសញ្ជាតូបនីយកម្ម ។

ប្រភព យល់ដឹងអំពីច្បាប់

ផ្សាយបន្តដោយ៖ Klart Dean





Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ