តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
នៅលើសកលលោកយើងនេះមានរបបគ្រប់គ្រងធំៗចំនួន៣ប្រភេទគឺ៖
១, របបអត្តាធិបតេយ្យ៖ ជាប្រព័ន្ធនៃការគ្រប់គ្រងដែលក្នុងនេះអំណាចនិងរដ្ឋអំណាច ស្ថិតប្រមូលផ្តុំតែក្នុងដៃបុគ្គលតែម្នាក់ ។ ហើយរបបនេះមានទម្រង់រូបភាពមួយចំនួនដូចតទៅ៖
របបគ្រប់គ្រងផ្តាច់ការ៖ ក្នុងរបបគ្រប់គ្រងផ្តាច់ការអ្នកដឹកនាំម្នាក់ឬអ្នកដឹកនាំមួលក្រុមធ្វើការគ្រប់គ្រងត្រួតត្រាទាំងស្រុងលើគ្រប់ ឬទិដ្ឋភាពនៃជីវភាពសង្គមនិងសេដ្ឋកិច្ច។
របបរាជានិយមផ្តាច់ការ៖ ជាទម្រង់របបគ្រប់គ្រងអត្តាធិបតេយ្យមួយបែបផ្សេងទៀត ។ ក្នុងរបបនេះព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ឬព្រះចៅអធិរាជកាន់អំណាចខ្ពស់បំផុតនៃរដ្ឋាភិបាល ព្រះមហាក្សត្រទទួលអំណាចគ្រប់គ្រងប្រទេសតាមរយៈការទទួលមតិអំណាចពីអ្នកស្នងរាជ្យមុន ជាទូទៅទទួលមរតកអំណាចតាមរយៈខ្សែលោហិតពីឪពុកមកកូន ពីបងមកប្អូនជាដើម ហើយអ្នកគ្រប់គ្រងប្រើប្រាស់អំណាចដោយឥតព្រំដែន និងពេញលេញទៅលើប្រជាពលរដ្ឋខ្លួន ។
២, របបអប្បជនាធិបតេយ្យ៖ ជាប្រព័ន្ធគ្រប់គ្រងដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងដៃវរជនក្រុមតូច ។ ប្រភពអំណាចដែលជនមួយក្រុមនោះទទួលបានដោយសារតែជនទាំងនោះមានអំណាច ទ្រព្យសម្បត្តិ អំណាចផ្នែកខាងយោធា ឋានៈសង្គមខ្ពង់ខ្ពស់ ។
៣, របបប្រជាធិបតេយ្យ៖ ជាប្រព័ន្ធគ្រប់គ្រង ដែលក្នុងនោះប្រជាពលរដ្ឋធ្វើការគ្រប់គ្រងប្រទេស ។ ប្រជាពលរដ្ឋមានអធិបតេយ្យភាពនៃអំណាច ឬអំណាចប្រជាពលរដ្ឋជាធំ ។ របបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដំណើរការនៃរដ្ឋាភិបាលត្រូវប្រព្រឹត្តទៅតាមឆន្ទៈពិតប្រាកដនៃប្រជាពលរដ្ឋ និងស្របទៅតាមភាពស្រុះស្រួលនៃប្រជាពលរដ្ឋ ។ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យអាចចែកចេញជា៖
ប្រជាធិបតេយ្យផ្ទាល់៖ របបគ្រប់គ្រងនេះគេឲ្យប្រជាពលរដ្ឋចូលរួមក្នុងការប្រជុំដើម្បី ដោះស្រាយបញ្ហាអ្វីមួយដែលកើតឡើង ហើយដែលប៉ះពាល់ជាពិសេសទៅលើផលប្រយោជន៍ប្រជាពលរដ្ឋ ។
ប្រជាធិបតេយ្យមិនផ្ទាល់ ឬរបបប្រជាធិបតេយ្យតាមរយៈតំណាង៖ វាប្រព្រឹត្តទៅតាម រយៈការបោះឆ្នោតដែលធ្វើឡើងដោយប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ដើម្បីជ្រើសរើសមនុស្សមួយក្រុមឲ្យដើរតួនាទីជាតំណាងពួកគេក្នុងកិច្ចការធ្វើច្បាប់ទម្លាប់សម្រាប់ប្រទេស និងក្នុងការដឹកនាំរដ្ឋាភិបាល ៕
ផ្សាយបន្តដោយ៖ Klart Dean






Comments
Post a Comment