នីតិវិធីនៃការលែងលះ និងកូន
សេចក្ដីផ្ដើម៖
នៅក្នុងបរិយាកាសអាប់អួរនៃការលែងលះកំពុងគ្របដណ្ដប់គ្រប់ទិសទី។ ការចែកផ្លូវគ្នារបស់គូរស្វាមីមិនមែនជារឿងងាយស្រួលដូចលុបអេតាស៊ីវិលនៅតុលាការឡើយ ការលែងលះបន្សល់ទុកនូវការឈឺចាប់ដល់ភាគីទាំងសងខាងបើពួកគេគ្មានកូននោះមិនអីទេ។ ផ្ទុយទៅវិញបើពួកគេមានកូនបញ្ហាកាន់តែស្មុគស្មាញ គឺកូននឹងក្លាយទៅជាជនរងគ្រោះដោយ សារការលែងលះពេលនោះបញ្ហានឹងកើតមានឡើងចំពោះអ្នកទាំងពីរ គឺការចិញ្ចឹមបីបាច់ថែរក្សាកូនក្រោយពេលលែងលះគ្នា។ យើងបានសិក្សាលក្ខខណ្ឌនៃការលែងលះ និងនិតិវិធីនៃការលែងលះរួចមកហើយពេលនេះ យើងនិងសិក្សាអំពីការលែងលះនិងកូន។
និយមន័យពាក្យ ការលែងលះ៖ ការលែងលះ គឺជាការផ្ដាច់ចំណងអាពាហ័ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ពេញលក្ខណៈច្បាប់ដែលអ្នកទាំងពីរបានរស់នៅជាមួយគ្នាអាស្រ័យដោយសហព័ទ្ធទាំងពីរព្រមព្រៀងគ្នា ឬសហព័ទ្ធណាមួយសំណូមពរសុំដាច់សមគ្គសង្វាសនិងត្រូវតុលាការសម្រេចតាមបញ្ញាត្តិនៃច្បាប់។ នៅពេលសាលក្រមលែងលះចេញស្ថាពរហើយ តើផ្ដល់ផលវិបាកយ៉ាងដូចម្ដេចខ្លះចំពោះសហព័ទ្ឋ និង កូន?
ការលែងលះផ្ដល់វិបាកចំពោះសហពន្ធ័ និងកូនដូចខាងក្រោម៖
ផលវិបាកចំពោះសហពន្ធ័អានុភាពលើកូន
១.ផលវិបាកចំពោះសហព័ទ្ធ
ការលែងគឺបណ្ដាលឲ្យមានការដាច់សមគ្គសង្វាស់រវាងសហព័ទ្ធ ប៉ុន្តែសហព័ទ្ធគ្មានកំហុស អាចទាមទារឲ្យសហព័ទ្ធម្ខាងទៀតឲ្យបង់អារហារកិច្ច ដែលអារកិច្ចនេះត្រូវគោរពទៅលក្ខខណ្ឌពីរយ៉ាងរួមមាន៖
សហព័ទ្ធដែលចង់ទាមទារអារហារកិច្ច ដាច់ខាត់ត្រូវគ្មានកំហុសសហព័ទ្ធដែលចង់ទាមទារអារហារកិច្ច ត្រូវស្ថិតនៅក្នុងតម្រូវការផ្នែកហិរញ្ញវត្ថុការលែងលះនេះ ក៏មានអានុភាពដល់ការបែងចែកទ្រព្យសម្បត្តិដែរ។ សហព័ទ្ធនីមួយៗត្រូវទទួល យកដោយឡែករៀងៗខ្លួន។ ទ្រព្យសម្បត្តិរួមត្រូវធ្វើតាមគោលការណ៍ដោយត្រូវបែងចែកតាមការព្រមព្រៀង(យុត្តិធម៌ត្រូវផ្អែកលើការពិភាក្សារបស់ភាគីទាំងសងខាង)។ ក្នុងករណី ដែលពុំមាន ការពិភាក្សាគ្នានោះចៅក្រមជាអ្នកបែងចែកទ្រព្យសម្បត្តិ។
ក.ការរំលាយចំណងអាពាហ៍ពិពាហ៍
ក្រោយពេលសាលក្រមលែងលះចូលជាស្ថាពរ ចំណងអាពាហ៍ពិពាហ៍រវាងភាគីត្រូវរំលាយ ដូច្នេះចំណងគតិយុត្តអំពីបុគ្គលនៃអ្នកទាំងពីរត្រូវបានកាត់ផ្ដាច់់លែងមានសិទ្ធិនិងករណីកិច្ចរវាងគ្នានិងគ្នាដូចកាលនៅមានចំណងអាពាហ៍ពិពាហ៍ និងគ្នាទៀតឡើយ ការរំលាយចំណងអាពាហ៍ពិពាហ៍ខាងលើជាមូលហេតុធ្វើឲ្យចំណងគតិយុត្ត ដែលមានការទាក់ទងដ៏ទៃទៀតប្រែប្រួល និងផ្លាស់ប្ដូរដែរដូចជាការបែងចែកទ្រព្យសម្បត្តិ ការផ្តល់អំណាចមេបា និងករណីកិច្ចរបស់ភាគីនីមួយៗចំពោះកូនជាដើម។
ខ.ការបែងចែកទ្រព្យសម្បត្តិ
ក្នុងករណីលែងលះគ្នាទ្រព្យសម្បត្តិត្រូវចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ ការព្រមព្រៀងនេះ គឺស្ថិតនៅលើឆន្ទៈព្រមព្រៀងរបស់គូរភាគីដោយមិនគិតថាភាគីម្ខាងមានតិច ឬភាគីម្ខាងមានច្រើនជាង ឬភាគីនេះយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅចែករំលែកឲ្យភាគីនោះទេ ពោល គឺឲ្យតែភាគីសុខចិត្តព្រមព្រៀងដោយគ្មានការបង្ខិតបង្ខំតុលាការ និងកាត់សេចក្ដីទៅតាមការព្រមព្រៀងនោះជានិច្ច។
បើគ្មានការព្រមព្រៀងទេសហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យផ្ទាល់របស់ខ្លួនដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមរតកក្តី ជាអំណាចក្តីជាអច្ច័យទានក្ដី ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ចំណែកទ្រព្យសម្បត្តិរួមភា គីនីមួយៗមានសិទ្ធិ ត្រូវបានពាក់កណ្ដាលម្នាក់។ ករណីដែលគ្មានការព្រមព្រៀងនេះហើយ ទើបនៅក្នុងដំណាក់កាល ជំនុំជម្រះតុលាការត្រូវរកឲ្យឃើញថា តើចំណែកណាជាទ្រព្យសម្បត្តិរួម ហើយចំណែកណាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភាគីនីមួយៗ? ប៉ុន្តែក្នុងករណីពិសេស និងតាមសំណើររបស់សហព័ទ្ធណា មួយតុលាការអាចសម្រេចសេចក្ដីចែកទ្រព្យសម្បត្តិរួមផ្សេងពីគោលការណ៍ខាងលើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម។
គិតពីផលប្រយោជន៍កូន មានន័យថាបើកូនត្រូវបានប្រគល់អំណាចមេបាឲ្យទៅលើភាគីណាមួយភាគីនោះអាច និងធ្វើ សំណូមពរទាមទារចំណែកទ្រព្យសម្បត្តិរួមលើភាគីម្ខាងទៀតបាន សំរាប់កិច្ចការគ្រប់គ្រង អប់រំ និងថែរក្សាកូន ដែលកំពុងស្ថិតនៅក្រោមអំណាចមេបារបស់ខ្លួន។ គិតដល់ផលប្រយោជន៍ផលិតកម្ម មានន័យថាទ្រព្យសម្បត្តិដែលជាមធ្យោបាយផលិតកម្ម ហើយជាមុខវិជ្ជាជីវះជំនាញរបស់ភាគីណាមួយ ត្រូវបានអាទិភាពប្រគល់ឲ្យទៅភាគីនេះ។ បើទ្រព្យសម្បត្តិជាមធ្យោបាយផលិតកម្មនោះ មានតម្លៃច្រើនជាងចំណែកទ្រព្យសម្បត្តិដែលភាគីម្ខាងទៀតបានទទួលភាគីដែលទទួលបានចំណែកមានតម្លែលើសត្រូវចេញប្រាក់មានតម្លៃស្មើទៅភាគីទទួលបានចំណែកមានតម្លៃទាបវិញ។ ម៉្យាងទៀតចំពោះវត្ថុអវិភាគពុំត្រូវបែងចែក ធ្វើឲ្យខូចប្រយោជន៍ និងទិន្នផលពីវត្ថុនោះបានឡើយ។
អាស្រ័យហេតុនេះហើយ បានជាច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារបានចែងច្បាស់ថាដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម(មាត្រា៧០វាក្យខ័ណ្ឌទី៣ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ)។ ប្រសិនបើទ្រព្យសម្បត្តិរបស់សហព័ទ្ធណាម្នាក់ត្រូវសហព័ទ្ធមា្នក់ ទៀតបំផ្លាញសហព័ទ្ធនោះត្រូវតែសងតម្លៃទ្រព្យនោះវិញ(មាត្រា៧១ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រូសារ)។
បើតាមក្រមរដ្ឋប្បវេណីថ្មីវិញតាមមាត្រា៩៨០បានធ្វើការបែងចែកទ្រព្យសម្បត្តិដូចខាងក្រោម៖
ករណីដែលប្រពន្ធលែងលះគ្នា ត្រូវបែងចែកទ្រព្យសម្បត្តិដោយយុត្តិធម៌ផ្អែកតាមការពិភាក្សាររបស់ភាគីទាំសងខាង។
ក្នុងករណីដែលមិនអាចពិភាក្សាគ្នារវាងប្ដីប្រពន្ធបានទេ ត្រូវបែងចែកទ្រព្យសម្បត្តិដោយផ្អែកតាមចំណុចនីមួយៗដូចការកំណត់ខាងក្រោម៖
សហព័ទ្ធនីមួយៗត្រូវទទួលបាននូវទ្រព្យសម្បត្តិដោយឡែកដែលបានកំណត់នៅក្នុងបានកំណត់នៅក្នុងមាត្រា៩៧២។
បន្ថែមពីលើទ្រព្យដោយឡែកសហព័ទ្ធនីមួយៗមានសិទ្ធិទទួលយកមួយភាគពីរនៃទ្រព្យសម្បត្តិរួម។ ប៉ុន្តែបើក្នុងករណីពិសេស និងមានការទាមទាររបស់ប្ដីប្រពន្ធណាម្ខាង តុលាការក៏អាចបែងចែកទ្រព្យសម្បត្តិរួម ដោយពិចារណាទៅលើស្ថានភាពផ្សេងៗដូចជាទំហំនៃការបរិច្ចាករបស់ភាគីនីមួយៗ ទំហំនៃការបរិច្ចាករបស់ភាគីនីមួយៗចំពោះលទ្ឋកម្មនៃទ្រព្យសម្បត្តិការថែរក្សា ឬការបង្កើនទ្រព្យអំឡុងពេលអាពាហ៍ពិពាហ៍ កម្រិតជីវភាពរស់នៅនៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ អាយុ ស្ថានភាពផ្លូវចិត្ត និងផ្លូវកាយ វិជ្ជាជីវះ ប្រាក់ចំណូល លទ្ឋភាពធ្វើការរបស់ភាគីនីមួយៗនិងផលប្រយោជន៍របស់កូនជាអាទិ៍្ត។
គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនិងការងារដែលធ្វើនៅផ្ទះដែរ។
២.អានុភាពលើកូន
ជាគោលការណ៍ពេលលែងលះគ្នា អ្នកមានអំណាចមេបាលើកូនត្រូវសម្រេចគ្នាតាមការពិភាក្សារបស់ឪពុកម្ដាយ។ ករណីឪពុកម្ដាយលែងលះគ្នាមុនកំណើតកូនម្ដាយមានអំណាចមេបា ប៉ុន្ដែបើករណីក្រោយកំណើតរបស់កូន គេអាចកំណត់យកឪពុកក៏បានទៅតាមការពិភាក្សាគ្នា។ ករណីការពិភាក្សាគ្នាមិនបានសម្រេច ឬពុំអាចពិភាក្សាបានតុលាការត្រូវកំណត់អ្នកមានអំណាច មេបាដោយផ្អែកប្រយោជន៍របស់កូន។
សហព័ទ្ធដែលមិនបានរស់នៅជាមួយកូនមានសិទ្ធិមួយចំនួនដូចខាងក្រោម៖
សិទ្ធិសួរសុខទុក្ខកូន៖
មានករណីកិច្ចលើសោហ៊ុយបាច់ចំពោះកូន។ ឧទាហរណ៍៖ករណីកូនឈឺ ឬការបង្កគ្រោះថ្នាក់ដល់ អ្នកដ៏ទៃដែលសោហ៊ុយនេះគឺខុសពីកាតព្វកិច្ចអាហារកិច្ច។
សិទ្ធិទាំងពីរខាងលើត្រូវធ្វើឡើងដោយមានការពិភាក្សាគ្នា។ បើការពិភាក្សាគ្នាមិនបានសម្រេចទេ តុលាការត្រូវកំណត់លើសិទ្ធិនេះ។ សហព័ទ្ធដែលពុំមានអំណាចមេបាអាចទាមទារ សហព័ទ្ធដែលមានអំណាចមេបាដោយយោងទៅលើស្ថានភាពរបស់កូន។ ករណីនេះក្រមរដ្ឋប្បវេណីថ្មីបានកំ ណត់ពីករណីយកិច្ចពិភាក្សារអំពីចំណុចមួយចំនួនដែលទាក់ទងនឹងការគ្រប់គ្រង ការថែរក្សាកូន រវាងអ្នកមាន និងអ្នកគ្មានអំណាចមេបា។
ឧទាហរណ៍៖ ការចាត់ចែងទ្រព្យសម្បត្តិរបស់កូនការប្ដូរលំនៅទៅបរទេសរបស់កូន និងការងារ ឬវិជ្ជាជីវះរបស់កូន។
ការលែងលះក៏មានអានុភាពដល់នាមត្រកូលរបស់សហព័ន្ធដែរ។ សហព័ន្ធនៅតែមានសេរីភាពប្រើត្រកូលរបស់សហព័ន្ធក៏បាន ឬប្ដូរក៏បាន។
ការប្រគល់អំណាចមេបា៖
សាលក្រមដែលសម្រេចឲ្យប្ដីប្រពន្ធលែងលះគ្នានោះត្រូវសម្រេចអំពីអំណាចមេបា ដែលត្រូវប្រគល់ទៅឲ្យឪពុកឬទៅម្ដាយ ហើយនិងត្រូវសម្រេចអំពីការប្រាស្រ័យទាក់ទងរវាងឪពុកម្ដាយ និងកូននោះផង(មាត្រា៧២ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ)។
ការប្រគល់អំណាចមេបា គឺជាការប្រគល់សិទ្ឋិគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សា អប់រំកូន ទៅភាគីណាមួយក្រោយពីគូរភាគីបានលែងលះគ្នា។
ការប្រាស្រ័យទាក់ទងរវាងឪពុកម្តាយ និងកូនមានន័យថា ទោះបីជាប្រពន្ធបានផ្ដាច់ចំណងអាពាហ៍ពិពាហ៍ពិតមែន ប៉ុន្តែឪពុក ឬម្ដាយមានសិទ្ធិទៅសួរសុខទុក្ខកូនបានទៅតាមច្បាប់ ហើយភាគីដែលទទួលសិទ្ឋិថែរក្សារកូនត្រូវបង្ករលក្ខណះងាយស្រួលគ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ បើឲ្យភាគីណាមួយថែរក្សាកូន ឬចែកកូនគ្នាថែរក្សាតុលាកាត្រូវសម្រេចតាមការព្រមព្រៀងនៃប្ដីប្រពន្ធដែលបានលែងលះគ្នានោះ។ ជាគោលការណ៍កូនដែលនៅបៅដោះ ត្រូវឲ្យទៅម្ដាយរក្សា។ ក្នុងករណីដែលគូរភាគីទាំងសងខាងមិនឯកភាពគ្នាក្នុងការរក្សាកូនតុលាការជាអ្នកសម្រេច ដោយការសម្រេចនេះត្រូវគិតដល់ផលប្រយោជន៍របស់កូនជាធំ។ បើមានការប៉ះពាល់ដល់ ផលប្រយោជន៍របស់កូន ភាគីដែលមិនបានថែរក្សាកូនមានសិទ្ឋិប្ដឹងទៅតុលាការគ្រប់ពេលវេលា ឲ្យដកសិទ្ឋិរក្សាកូនពីភាគីម្ខាងនោះបាន។
១.មូលហេតុនៃការដកហូតអំណាចមេបា
ជាទូទៅ ឪពុកម្តាយមានមនោសញេ្ចតនាចំពោះកូន អាណិតស្រឡាញ់ និងថ្នាក់ថ្នមកូនយ៉ាងយកចិត្តទុកដាក់។កូនត្រូវបានការទទួលបីបាច់ថែរក្សា និងទទួលការអប់រំទូន្មានប្រៀន ប្រដៅពីឪពុកម្តាយ ដើម្បីក្លាយជាកូនប្រកបដោយគន្លងធម៌។ លើសពីនេះទៀត ឪពុកម្តាយខិតខំតស៊ូនឹងការលំបាកគ្រប់បែបយ៉ាងឲ្យតែកូនបានរៀនសូត្រដើម្បីអនាគតរុងរឿង ។
ផ្ទុយទៅវិញនៅក្នុងសង្គមជាក់ស្តែង មានឪពុកម្តាយខ្លះ គ្មានព្រហ្មវិហាធម៌ចំពោះកូនសោះមិនត្រឹមតែគ្មានមនសិកាអប់រំបណ្តុះបណ្តាលកូនប៉ុណ្ណោះទេ ឪពុកម្តាយខ្លះថែមទាំងជំរុញឲ្យកូនរបស់ខ្លួនប្រព្រឹត្តអំពើល្មើសផ្សេងៗដែលផ្ទុយនឹងច្បាប់ និងអំពើដែលមានលក្ខណៈផ្ទុយពីសីលធម៌រស់នៅក្នុងសង្គម ។ដើម្បីការពារសិទ្ធិ និងផលប្រយោជន៌សម្រាប់អនាគតល្អរបស់ក្មេង ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារបានចែងឡើងអំពើការដកហូតអំណាចមេបា កាលបើឪពុកម្តាយនៃកូននោះមានកំហុសដូចខាងក្រោម៖
ឪពុកម្តាយមានការខ្វះខាតខាងការអប់រំ
ឪពុកម្តាយប្រើអំណាចដោយការរំលោភទៅលើកូន ដោយប្រើឧបាយកលផ្សេងៗ ដើម្បីបង្ខំឲ្យកូនប្រព្រឹត្តបទល្មើស ឬអំពើណាមួយដែលប៉ះពាល់សណ្តាប់ធ្នាប់សង្គម ។
ឪពុកម្តាយវាយធ្វើបាបកូនឥតប្រណី
ឪពុកម្តាយប្រព្រឹត្តផ្ទុយពីសីលធម៍ បណ្តាលឲ្យមានឥទ្ធិពលអាក្រក់ដល់កូន ។
២.ជនមានសិទ្ធិប្តឹង និងសមត្ថកិច្ចដកហូតអំណាចមេបា
ជនមានសិទ្ធិប្តឹង បើឪពុកម្ដាយមានកំហុសដូចរៀបរាប់ខាងលើ គេនិងអាចធ្វើពាក្យប្ដឹងជាលាយលក្ខអក្សរ ដោយបញ្ជាក់ពីមូលហេតុនៃការប្ដឹងជូន ទៅតុលាការ ដើម្បីសុំឲ្យដកហូតអំណាចមេបាពីកូននោះបាន។ជនដែលមានសិទ្ធិប្ដឹងក្នុងរឿងនេះគឺ៖
-អង្គការរដ្ឋ
-អង្គការមហាជន
-ព្រះរាជអាជ្ញាអមតុលាការ
-ញាតិលោហិតណាមួយនៃឪពុកម្ដាយកូននោះ។
សមត្ថកិច្ចដកហូតអំណាចមេបា គឺជាសមត្ថកិច្ចរបស់តុលាការលំនៅឪពុកម្ដាយដែលគេប្ដឹងតាមអំណាចសាលក្រមរបស់ខ្លួនបើពិនិត្យ និងសង្កេតឃើញថាឪពុកម្ដាយនៃក្មេងនោះបានប្រព្រឹត្តខុសដូចមានចែងក្នុងច្បាប់ពិតមែន។
សេចក្តីសន្និដ្ឋាន៖
ក្រោយពីបានអានអត្ថបទខាងលើយើងបានដឹងអំពី ការលែងលះ ផលវិបាកចំពោះសហព័ទ្ធការរលាយចំណងអាពាហ៍ពិពាហ៍ ការចែកទ្រព្យសម្បត្តិ អានុភាពលើកូន ការប្រគល់អំណាចមេបា ការដកហូតអំណាចមេបា ជនមានសិទ្ធិប្តឹង និងសមត្ថកិច្ចដកហូតអំណាចមេបា។យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាអត្ថបទនេះនិងបានវិភាគទានគំនិតខ្លះៗចំពោះអ្នក និងបើមានខុសអក្ខរាវិរុទ្ធ ឬន័យសេចក្តី ត្រង់កន្លែងណាមួយនោះដោយអចេតនាក៏សូមអភ័យទោសចំពោះយើងខ្ញុំជាសិក្ខាកាមនេះផង៕
ឯកសារយោង៖
នីតិរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណីថ្មី (សាកលវិទ្យាល័យបៀលប្រាយ)
របស់លោកសាស្ត្រាចារ្យ ម៉ឹក គឹមស្រូយ
សាស្ត្រាចារ្យ យស បានចំរុង
សមាសសភាពក្រុមទី៦មាន៖
សមណនិស្សិត ភោគ ប៊ុនធឿន
សមណនិស្សិត អ៊ិន សុឃួន
និស្សិត សុខ សុវណ្ណបញ្ញា
និស្សិត ស្រេង វិត
និស្សិត យឹម មករា
និស្សិត ភូង លៀម
និស្សិត រស់ ទិត្យតារា
កែសម្រួលអក្ខរាវិរុទ្ឋ បញ្ចូលរូបភាព និងនាំមកជូនដោយ៖ Klart Dean






Comments
Post a Comment