តើបទល្មើសភ្លាមៗ និងបទល្មើសបន្តរៀងហូរហែ ខុសប្លែកគ្នាបែបណា?
ប្រៀបធៀប៖ បទល្មើសភ្លាមៗ និងបទល្មើសរៀងហូរហែ
បទល្មើសភ្លាមៗ និងបទល្មើសបន្តរៀងហូរហែ គឺជាបទល្មើសព្រហ្មទណ្ឌដែលបានកំណត់យ៉ាងច្បាស់លាស់ដោយច្បាប់ ផ្អែកទៅលើអំពើសត្យានុម័ត ដែលជាធាតុផ្សំនៃបទល្មើស។
ជាក់ស្តែង ដើម្បីកំណត់ថាបទល្មើសណាមួយជាបទល្មើសភ្លាមៗ ឬជាបទល្មើសបន្តរៀងហូរហែ គឺអាស្រ័យទៅ លើ បទប្បញ្ញត្តិច្បាប់ដែលបង្កើតបទល្មើសនោះផ្ទាល់តែម្តង។ ហេតុនេះ ពេលខ្លះ យោងទៅលើអត្ថបទច្បាប់ដែលបានកំណត់បទល្មើស គេអាចទាញជាសេចក្តីសន្និដ្ឋានថា បទល្មើសមួយគឺអាចសម្រេចបានក្នុងពេលតែមួយភ្លែតប៉ុណ្ណោះ មានន័យថា បទល្មើសកើតឡើងក្នុងពេលតែមួយដំណាលនឹងអំពើប្រព្រឹត្ត ហើយដែលគេហៅថា បទល្មើសភ្លាមៗ ។
ឧទាហរណ៍ដូចជា បទឃាតកម្ម, បទលួច ,បទដេញថ្លៃមិនត្រឹមត្រូវ ។ល។
ចំណែកឯសម្រាប់បទល្មើសខ្លះទៀត អំពើសម្ភារៈដែលជាធាតុផ្សំសត្យានុម័តនៃបទល្មើស នឹងប្រព្រឹត្តឡើងបន្តគ្នាជាហូរហែ និងដោយស៊ីសង្វាក់គ្នានៅក្នុងពេលវេលា ដែលកត្តានេះបានឆ្លុះបញ្ចាំងឲ្យឃើញពីចេតនាទុច្ចរិតរបស់ជនល្មើស ដែលបន្តស្ថិតនៅក្នុងពេលវេលាជាកំណត់ណាមួយៗ។ បទល្មើសប្រភេទនេះ ត្រូវបានហៅថា បទល្មើសបន្តរៀងហូរហែ ។ ឧទាហរណ៍ដូចជា បទទទួលផលចោរកម្ម បទបង្ខាំងមនុស្សខុសច្បាប់ជាដើម។
ស្របពេលជាមួយគ្នានេះ ការបែងចែករវាងបទល្មើសទាំងពីរប្រភេទខាងលើមានផលប្រយោជន៍ ពាក់ព័ន្ធនឹងការកំណត់របបគតិយុត្តដែលត្រូវយកទៅអនុវត្តលើបទល្មើសទាំងពីរនេះ។ ជាក់ស្តែង ថិរវេលានៃអាជ្ញាយុកាលបទល្មើសត្រូវចាប់ផ្តើមគិតពីពេលប្រព្រឹត្តបទល្មើស ចំពោះករណីបទល្មើសភ្លាមៗ ចំណែកឯថរិវេលានៃអាជ្ញាយុកាល សម្រាប់ បទល្មើសបន្តរៀងហូរហែវិញ គឺត្រូវចាប់ផ្តើមគិតពីពេលដែលអំពើល្មើសបានបញ្ចប់ គឺមិនមែនចាប់ផ្តើមគិតពីពេលដែលអំពើល្មើសបានចាប់ផ្តើមឡើយ។
ដូចនេះ សម្រាប់បទទទួលផលចោរកម្ម អាជ្ញាយុកាលត្រូវចាប់ផ្តើមរាប់ពីពេលដែលអ្នកទទួលផលចោរកម្ម លែងបន្តកាន់កាប់ ឬរក្សាទុកវត្ថុដែលជាកម្មវត្ថុនៃបទល្មើសតទៅទៀត គឺមិនមែនគិតចាប់ពីពេលដែលអ្នកទទួលផលចោរកម្មទទួលវត្ថុដែលជាកម្មវត្ថុនៃបទល្មើសទេ។
ទន្ទឹមនឹងនេះដែរ តុលាការមានសមត្ថកិច្ចទៅតាមទីកន្លែងប្រព្រឹត្តបទល្មើស សម្រាប់បទល្មើសភ្លាមៗ អាចមាន តែ មួយប៉ុណ្ណោះ ក៏ប៉ុន្តែចំពោះបទល្មើសបន្តរៀងហូរហែ តុលាការមានសមត្ថកិច្ចអាចមានច្រើនកន្លែងខុសៗគ្នា ពីព្រោះថា អំពើល្មើសអាចប្រព្រឹត្តទៅជារៀងហូរហែនៅក្នុងទីកន្លែងខុសៗគ្នា។
ប្រហាក់ប្រហែលគ្នានេះដែរ ដោយសារតែបទល្មើសបន្តរៀងហូរហែ អាចនឹងប្រព្រឹត្តនៅក្នុងរយៈពេលណាមួយនោះ គឺអាចនឹងមានករណីដែលអំពើប្រព្រឹត្តនឹងបន្តកើតឡើងទៀត នៅពេលដែលច្បាប់ថ្មីបានចូលជាធរមាន។ ហេតុដូច្នេះ គឺត្រូវយកច្បាប់ថ្មីមកអនុវត្តទៅលើបទល្មើសនេះ បើទោះបីជាបទល្មើសបានចាប់ផ្តើមប្រព្រឹត្តក្រោមអំណាចច្បាប់ចាស់ក៏ដោយ។ ផ្ទុយទៅវិញ ករណីបែបនេះ មិនអាចនឹងកើតឡើងបានទេ សម្រាប់បទល្មើសភ្លាមៗ៕
ផ្សាយបន្តដោយ៖ Klart Dean





Comments
Post a Comment