តើត្រូវអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលាដោយរបៀបណា?
ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលា៖ គោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ
ការអនុវត្តច្បាប់ព្រហ្មទណ្ឌត្រូវគោរពគោលការណ៍២គឺគោលការណ៍ប្រតិសកម្ម និងគោលការណ៍មិនប្រតិសកម្ម។ បើនិយាយអំពីដែនអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងកាល គឺការអនុវត្តច្បាប់ព្រហ្មទណ្ឌត្រូវផ្អែកលើគោលការណ៍ ពីរផ្ទុយគ្នាប៉ុន្តែមិនដាច់ដោយឡែកពីគ្នាទេពោលគឺគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាង និងគោលការណ៍ប្រតិសកម្មច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង។ តើគោលការណ៍ប្រតិសកម្ម និងគោលការណ៍ មិនប្រតិសកម្មខុសនោះយ៉ាងដូចម្តេច?គោលការណ៍នេះគឺជាគោលការណ៍គ្រឹះក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ?
តើគោលការណ៍មិនប្រតិសកម្មច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងមានន័យដូចម្តេច?
គោលការណ៍មិនប្រតិសកម្មច្បាប់ព្រហ្មទណ្ឌគឺជាគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌ។ សញ្ញាណ នៃគោលការណ៍ នេះ ចេញមកពីបារាំងដែលកើតមានតាំងតែពីឆ្នាំ១៧៨៩ នៅក្នុងសេចក្តីថ្លៃងការណ៍ ស្តីអំពីសិទ្ធិ ពលរដ្ឋនិង សិទ្ធិមនុស្សរបស់បារាំង ហើយក្លាយជាគោលការណ៍មួយនៅក្នុងរដ្ឋធម្មនុញ្ញបារាំង។ ហើយ គោលការណ៍ នេះគឺជាគោលការណ៍គ្រឹះនៃនីតិសិទ្ធិមនុស្ស និងនៅក្នុងលិទ្ធិប្រជាធិបតេយ្យ ដើម្បីធានា នូវសិទ្ធិសេរីភាព និងសុវត្តិភាពគតិយុត្តរបស់ពលរដ្ឋ។ បន្ថែមពីនេះវាគឺជាគោលការណ៍ដែល ការពារការ សងសឹក គ្នារវាងគណបក្សនយោបាយដែលការពារមិនឱ្យអ្នកឡើងកាន់អំណាចក្រោយ សងសឹក ទៅលើ អ្នកកាន់ អំណាចមុនដែលបាត់បង់អំណាច។
គោលការណ៍នេះគឺជាគោលការណ៍វិបាកកម្ម ដែលវាត្រូវដើរទន្ទឹមគ្នាជាមួយនឹង គោលការនីត្យានុកូលភាព នៃបទល្មើស និងទោស។ គោលការណ៍នេះមានន័យថា ច្បាប់ព្រហ្មទណ្ឌគឺមានអានុភាពអនុវត្តតែទៅអនាគត ហើយមិនមានអានុភាពអនុវត្តទៅអតីតកាលទេ។ មានន័យថា អនុវត្តតែទៅលើបទល្មើសណា ដែលកើត ក្រោយច្បាប់ព្រហ្មទណ្ឌចូលជាធរមានតែប៉ុណ្ណោះ។ ដូចនេះច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងមិន អនុវត្តទៅនឹង បទល្មើសដែលកើតមុនច្បាប់ព្រហ្មទណ្ឌនោះចូលជាធរមាននោះទេ ពោលគឺមិនប្រតិសកម្មនោះ ទេ។ ឧទាហរណ៍ថា ប្រសិនបើច្បាប់ព្រហម្មទណ្ឌអន្តរកាលចែងថា អំពើសរសេរអសិលធម៌គឺជាបទល្មើសលហុ ហើយពិន័យជាប្រាក់៥០០រៀល ប៉ុន្តែច្បាប់ថ្មីបានចែងថា អំពើសរសេរអសិលអម៌គឺជាបទល្មើសមជ្ឈឹម ត្រូផ្តន្ទាទោសដាក់ គុក៣ខែនិងពិន័យជាប្រាក់ ៥លានរៀល។ អំពើទាំងឡាយដែលបាន ប្រព្រឹត្តក្នុងច្បាប់ ព្រហ្មទណ្ឌអន្តរកាល មិនអាចយកច្បាប់ព្រហ្មទណ្ឌថ្មីទៅអនុវត្តទៅលើបទល្មើសនោះបានទេ ពីព្រោះច្បាប់ ព្រហ្មទណ្ឌ ថ្មីមានលក្ខណៈធ្ងន់ជាងច្បាប់ព្រហ្មទណ្ឌអន្តរកាល។
ដូចម្តេចដែលហៅថាគោលការប្រតិសកម្ម? ហើយគោលការណ៍នេះត្រូវអនុវត្តដោយរបៀបណា?
ទន្ទឹមគ្នានឹងការអនុវត្តគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ, គោលការណ៍ប្រតិសកម្ម នៃច្បាប់ ព្រហ្មទណ្ឌ ដែលស្រាលជាងក៍ត្រូវអនុវត្តផងដែរ។ មានន៍យថាចៅក្រមត្រូវអនុវត្តច្បាប់ ព្រហ្មទណ្ឌដែល ចូល ជាធរ មានក្រោយបទល្មើសកើតមាន ប្រសិនបើច្បាប់ព្រហ្មទណ្ឌនោះបញ្ញត្តទោសស្រាល ឬក៏លប់ចោលបទ ល្មើសណាមួយដែលមានក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាល។
ហើយការអនុវត្តនេះគឺជាការអនុវត្តដើម្បីអនុគ្រោះដល់ជនល្មើស។ ក្នុងការអនុវត្តដោយប្រតិសកម្មនោះ គឺមាន ចែង ក្នុងបញ្ញត្តិមួយចំនួនដូចជា ច្បាប់ដែលលុបចោលនៃបទល្មើសដែលមានចែក្នុងមាត្រា៩ ដល់ មាត្រា១១ នៃ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភេទនៃច្បាប់លប់ចោលបទល្មើស និង កំណត់ ទោស ស្រាល នេះគឺត្រូវអនុវត្តភ្លាមៗ។ បានន័យថា អំពើប្រព្រឹត្តក្នុងច្បាប់ ព្រហ្មទណ្ឌអន្តរកាលបាន ចែងធ្ងន់ (ចែងថា ជា បទ ល្មើស) មិនចាំបាច់ចោទប្រកាន់ទៀតទេប្រសិនបើ ច្បាប់ព្រហ្មទណ្ឌស្រាលជាងបាន ចូលជាធរមាន ដែល បាន លុបចោលនៃអំពើនោះថាមិនមែនជាជាបទល្មើសទេ។ ដូចនេះចៅក្រម មិនចាំបាច់ ចោទប្រកាន់ ជន ប្រព្រឹត្តអំពើនោះទៀតទេពីព្រោះច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងបានលុបអំពើនោះថាមិនមែនជាបទល្មើសទៀត ទេ។ ប្រសិនបើបទល្មើសនោះកំពុងចោទប្រកាន់ត្រូវលប់ចោលការចោទប្រកាន់នោះភ្លាម ហើយប្រសិន បើទោស ដែលកំពុងអនុវត្តត្រូវបញ្ឈប់ការអនុវត្តភ្លាម ហើយបើទោសដែលមិនទាន់អនុវត្ត គឺមិន ចាំបាច់ អនុវត្តទៀតឡើយពោលគឺមិនមែនជាបទល្មើសទៀតទេប្រសិនបើច្បាប់ព្រហ្មទណ្ឌថ្មីបានលុបចោលទៅហើយនេះគឺជាការអនុវត្តគោលការណ៍ប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងច្បាប់ព្រហ្មទណ្ឌចាស់(ច្បាប់ព្រហ្មទណ្ឌ អន្តរកាល)ដែលត្រូវបាននិរាករណ៍ ឬលប់ចោល។ ឧទាហរណ៍ថា បច្ចុប្បន្នការលេងល្បែង ស៊ីសង គឺជាបទល្មើសស្រាប់តែច្បាប់ថ្មីបានលប់ចោលថាអំពើលេងល្បែងស៊ីសងមិនមែនជាបទល្មើសទៀតទេ។ ជនទាំងឡាយ ដែលកំពុងត្រូវបានចោទប្រកាន់អំពីអំពើនោះ ទោសលំពុងអនុវត្តនៃបទល្មើសនោះ នឹងត្រូវលុបចោល ហើយដោះលែងជនដែលប្រព្រឹត្តនោះភ្លាមឱ្យមានសេរីភាព និងរួចផុតពីការចោទប្រកាន់។
លើសពីនេះប្រសិនបើច្បាប់ព្រហ្មទណ្ឌថ្មីកំណត់ទោសស្រាលជាងច្បាប់ព្រហ្មទណ្ឌអន្តរកាលគឺចៅក្រមត្រូវអនុវត្តទោសដែលបានបញ្ញត្តិនៅក្នុងច្បាប់ព្រហ្មទណ្ឌថ្មីនោះភ្លាមៗដូចគ្នា។ ឧទាហរណ៍ថា បើសិនជាបទល្មើសលួច នៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាលត្រូវមានទោសពី៤ទៅ៥ឆ្នាំ ហើយច្បាប់ព្រហ្មទណ្ឌថ្មីបញ្ញត្តិត្រឹម តែ ពី៦ខែ ទៅ៣ឆ្នាំ នោះគឺចៅក្រមត្រូវអនុវត្តទោសដែលបាន បញ្ញត្តិនៅក្នុងច្បាប់ព្រហ្មទណ្ឌថ្មីនោះភ្លាម។
សរុបទៅបើតាមគោលការណ៍ប្រតិសកម្មការអនុវត្តច្បាប់ព្រហ្មទណ្ឌ, ប្រសិនច្បាប់ព្រហ្មទណ្ឌថ្មីដែល មាន សភាព ស្រាលជាងច្បាប់ព្រហ្មទណ្ឌអន្តរកាល(ច្បាប់ព្រហ្មទណ្ឌចាស់) នៅចៅក្រម ត្រូវអនុវត្តច្បាប់ព្រហ្មទណ្ឌ ថ្មីដែលមានលក្ខណៈស្រាលជាងភ្លាមៗ។ ប៉ុន្តែបើតាមគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌវិញ គឺចៅក្រមមិនអាចអនុវត្តបានទេប្រសិនប់ច្បាប់ព្រហ្មទណ្ឌថ្មីចែងអំពីទោស និងបទល្មើសធ្ងន់ជាង ច្បាប់ព្រហ្មទណ្ឌអន្តរកាល៕
ផ្សាយបន្តដោយ៖ Klart Dean





Comments
Post a Comment