តើមេធាវីមានមុខងារសំខាន់ៗអ្វីខ្លះ?
មេធាវីមានមុខងារសំខាន់ៗដូចជា ៖
១, តំណាងកូនក្តី ៖ មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី នៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេសក្នុងរឿងរដ្ឋប្បវេណីពាណិជ្ជកម្ម រដ្ឋបាល ការងារ និងសង្គមកិច្ច ។
២, ការពារកូនក្តី ៖ ក្នុងរឿងព្រហ្មទណ្ឌមេធាវីជួយការពារជនជាប់ចោទ ការពារឲ្យជនរងគ្រោះ ការពារដើមបណ្តឹងរដ្ឋប្បវេណី និងការពារឲ្យអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។ មេធាវីអាចជួយការពារកូនក្តីនៅចំពោះមុខក្រុមប្រឹក្សាវិន័យបានដែរ ។
៣, ប្រឹក្សាយោបល់ និងតាក់តែងលិខិតស្នាម ៖
មេធាវីអាចផ្តល់យោបល់ផ្នែកច្បាប់ និងតាក់តែងលិខិតស្នាមគតិយុត្តជូនអតិថិជនដោយគិតកម្រៃ ដោយត្រូវធ្វើនៅការិយាល័យរបស់ខ្លួន ឬមេធាវីអាចទទួលពិគ្រោះយោបល់ច្បាប់ជូនអតិថិជននៅទីកន្លែងផ្សេងទៀត ដែលមានភាពសមរម្យ និងធានាបាននូវការសម្ងាត់វិជ្ជាជីវៈ ។
៤, អ្នកអាជ្ញាកណ្តាល ឬអ្នកផ្សះផ្សារ ឬអ្នកសម្រុះសម្រួល ៖ អាចត្រូវបានចាត់តាំងដោយគូក្តី ឬដោយចៅក្រមឲ្យបំពេញមុខងារជាអ្នកផ្សះផ្សារ ឬជាអ្នកសម្រុះសម្រួល ។ មេធាវីនឹងអាចត្រូវចាត់តាំងជាអ្នកអាជ្ញាកណ្តាល តាមច្បាប់អនុញ្ញាត ៕
ផ្សាយបន្តដោយ៖ Klart Dean



Comments
Post a Comment