តើអ្វីទៅជាអត្ថន័យនៃទោសព្រហ្មទណ្ឌ?
យល់កាន់តែស៊ីជម្រៅទៅទៀតអំពីស្ថានភាពទាំងមូលទូទៅអំពីទោសព្រហ្មទណ្ឌនេះ។ ហើយក៏មានបងប្អូនយើងមួយចំនួនមិនទាន់បានយល់ បានដឹងអំពីអត្ថន័យនៃទោសព្រហ្មទណ្ឌនេះដែរ ។
ដូច្នេះយើងខ្ញុំសូមលើកយកអត្ថន័យនៃទោសព្រហ្មទណ្ឌជូនបងប្អូនបានជ្រាបដូចខាងក្រោម ៖
យើងនឹងអោយអត្ថន័យនៃទោសព្រហ្មទណ្ឌនេះ តាមពីរបែប គឺ៖
កថាភាគទី១៖ គឺអត្ថន័យតាមបែបទស្សនវិជ្ជា ឬសង្គមវិទ្យា
ទោសព្រហ្មទណ្ឌ គឺជាប្រតិកម្មរបស់សង្គម ឬក៏ជាការឆ្លើយតបរបស់សង្គមទៅនឹងអ្នកប្រព្រឹត្តបទល្មើស បានន័យថាប្រឆាំងជាមួយនឹងចារីនៃបទល្មើស ។
បទល្មើស គឺជាអំពើប្រឆាំងនឹងរដ្ឋ អំពើដែលនាំអោយមានគ្រោះថ្នាក់ដល់សង្គម អំពើប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌជាធរមាន និងត្រូវផ្តន្ទាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ។
ជាធម្មតាយើងដឹងហើយថា គ្រប់សង្គមទាំងអស់តែងតែមានធ្វើការកំណត់នូវច្បាប់ ដើម្បីធ្វើការគ្រប់គ្រងសង្គម ហើយក៏ដើម្បីធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម កំណត់នូវវិធានការ កំណត់នូវសកម្មភាពមួយចំនួនដែលច្បាប់ហាមឃាត់ ហើយការប្រព្រឹត្តផ្ទុយទៅនឹងអំពើហាមឃាត់របស់សង្គម ពេលនោះសង្គមនឹងមានវិធានការយ៉ាងតឹងរឹងតបត្តឡប់ទៅវិញដែលក្នុងក្រមនេះការហាមឃាត់ដោយច្បាប់ព្រហ្មទណ្ឌ គឺជាបទល្មើសព្រហ្មទណ្ឌ គឺត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌ ឬទោសព្រហ្មទណ្ឌ។ នេះគឺជាការពិចារណាទៅតាមបែបទស្សនវិជ្ជា ឬសង្គមវិទ្យា ។
កថាភាគទី២៖ គឺអត្ថន័យតាមបែបគតិយុត្ត ឬតាមបែបនីតិសាស្ត្រ។
ទោសព្រហ្មទណ្ឌ គឺជាទោសដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ ហើយដែលត្រូវប្រកាសដោយតុលាការព្រហ្មទណ្ឌ ។
យោងលើន័យតាមបែបច្បាប់នេះ គឺយើងពឹងផ្អែកជាពិសេសទីលើក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាយើងត្រង់មាត្រា១ មាត្រា៣ ត្រង់កថាខណ្ឌទី២ និងមាត្រា៦។
ចំណាំ៖ គតិយុត្ត គឺតាមគន្លងច្បាប់ ឬដែលទាក់ទងនឹងច្បាប់ ដែលត្រឹមត្រូវតាមច្បាប់។ ចំណែកឯពាក្យនីតិសាស្ត្រ គឺគម្ពីរប្រាប់វិទ្យាច្បាប់(យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត)។ ម៉្យាងទៀត នីតិសាស្ត្រគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីនីតិ ដែលនីតិគឺជាច្បាប់ ជាលិខិតបទដ្ឋានរបស់រដ្ឋ បណ្តុំនៃលិខិតបទដ្ឋានរបស់សង្គម។ ច្បាបឮ និងបទបញ្ជាទាំងអស់ ដែលអង្គការមានសមត្ថកិច្ចបានកំណត់ឡើង ដើម្បីគ្រប់គ្រងជីវភាពនៅក្នុងសង្គម ៕
ប្រភព ៖ ទោសព្រហ្មទណ្ឌ
ផ្សាយបន្តដោយ៖Klart Dean




Comments
Post a Comment