តើរដ្ឋធម្មនុញ្ញកម្ពុជាមានចំនួនប៉ុន្មាន និងធ្វើវិសោធនកម្មប៉ុន្មានដង?
លោក តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២១ ខែកញ្ញាថា នៅក្នុងបរិបទជារដ្ឋទំនើប គឺចាប់តាំងពីឆ្នាំ១៩៤៧មក កម្ពុជាមានរដ្ឋធម្មនុញ្ញចំនួន៦ ដែលមានការផ្លាស់ប្តូរពីរដ្ឋធម្មនុញ្ញមួយទៅរដ្ឋធម្មនុញ្ញមួយ អាស្រ័យទៅតាមបរិបទនយោបាយរបស់ប្រទេស ចាប់ពីឆ្នាំ១៩៤៧ រហូតមកដល់ឆ្នាំ១៩៩៣។
ក្នុងនោះ រួមមាន៖
រដ្ឋធម្មនុញ្ញទី១ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៤៧ (នៅក្នុងរបបព្រះរាជាណាចក្រទី១)
រដ្ឋធម្មនុញ្ញទី២ ត្រូវបានប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៧២ (បន្ទាប់ពីផ្លាស់ប្តូររបប)
រដ្ឋធម្មនុញ្ញទី៣ ត្រូវបានប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៧៦ (របបកម្ពុជាប្រជាធិបតេយ្យ)
រដ្ឋធម្មនុញ្ញទី៤ ត្រូវបានប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៨១ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា)
រដ្ឋធម្មនុញ្ញទី៥ ត្រូវបានប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៨៩ (ក្នុងរបបរដ្ឋកម្ពុជា)
រដ្ឋធម្មនុញ្ញទី៦ ត្រូវបានប្រកាសឲ្យប្រើនៅក្នុងឆ្នាំ១៩៩៣។
លោក តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
លោក តាំង រតនា បានបន្តថា រដ្ឋធម្មនុញ្ញទាំង៥ បានអនុវត្តកន្លងផុតទៅហើយ។ ផ្តើមចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមនូវវិបិត្តកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបានផ្លាស់ប្តូរចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុង ការដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជាបានរៀបចំការបោះឆ្នោតនៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ អាជ្ញាធរអ៊ុនតាក់បានជួយរៀបចំ ហើយរដ្ឋធម្មនុញ្ញបច្ចុប្បន្ន គឺមានប្រវត្តិជាប់ទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងនយោបាយនៅក្នុងឆ្នាំ១៩៩៣។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ដែលជាទិវាប្រវត្តិសាស្ត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ ហើយនៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៨ គឺរដ្ឋធម្មនុញ្ញកម្ពុជាមានអាយុកាល២៥ឆ្នាំ។
អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺមានលក្ខណៈស្របទៅតាមគោលការណ៍រួម នៃរដ្ឋធម្មនុញ្ញទំនើប បែបប្រជាធិបតេយ្យ។ ហើយចំណុចសំខាន់ៗ នៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យ សេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងនូវគោលការណ៍ នៃការបែងចែកអំណាចរវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋ។
លោក តាំង រតនា បានបញ្ជាក់ទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា បានធ្វើវិសោធនកម្មចំនួន០៨ដង ក្នុងរយៈពេល ២៥ឆ្នាំ គឺពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៨នេះ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺសម្រាប់តម្រូវការរបស់ជាតិ និងជាវិធីមួយដើម្បីធ្វើការសម្របសម្រួលនៅក្នុងប្រព័ន្ធច្បាប់ក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋ ពីព្រោះពីមួយដំណាក់កាលទៅមួយដំណាក់កាល នៃការប្រព្រឹត្តទៅរបស់រដ្ឋ គឺតែងតែមានការផ្លាស់ប្តូរ។
លោកបន្តថា រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៨ គឺបានធ្វើវិសោធនកម្មចំនួន ៨លើកហើយ ដោយលើកទី១ ធ្វើនៅក្នុងឆ្នាំ១៩៩៤។ លើកទី២ នៅក្នុងឆ្នាំ១៩៩៩។ លើកទី៣ នៅក្នុងឆ្នាំ២០០១។ លើកទី៤ នៅក្នុងឆ្នាំ២០០៥។ លើកទី៥ នៅក្នុងឆ្នាំ២០០៦។ លើកទី៦ នៅក្នុងឆ្នាំ២០០៧។ លើកទី៧ នៅក្នុងឆ្នាំ២០១៤ និងលើកទី៨ នៅក្នុងឆ្នាំ២០១៨៕
អត្ថបទ៖ សោភា
ប្រភព៖ ខ្លីៗ
ផ្សាយបន្តដោយ៖ Klart Dean




Comments
Post a Comment