តើ​តុលាការ​មាន​ប៉ុន្មាន​ថ្នាក់ និង​មាន​នីតិវិធី​ជំនុំ​ជម្រះ​យ៉ាងដូចម្ដេច​?


លោក មេធាវី យុង ផានិត ប្រធាន​ក្រុម​មេធាវី​ច្បាប់ ​និង​ពិគ្រោះ​យោបល់​នៃ​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

នៅ​ក្នុង​វិស័យ​ច្បាប់​តាម​ការ​កត់​សម្គាល់​ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​គ្រាន់​តែ​ដឹង​ថា​តុលាការ​ និង​ការ​ជំនុំ​ជម្រះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​យល់​អំពី​ដំណើរការ​នៃ​ការ​ជំនុំ​ជម្រះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ឡើយ​។

ដើម្បី​​ជ្រាប​ថា តុលាការ​ចែក​ចេញ​ជា​ប៉ុន្មាន​ថ្នាក់ និង​នីតិវិធី​ជំនុំ​ជម្រះ​យ៉ាង​ណា​នោះ​លោក​មេធាវី យុង ផានិត ដែល​ជា​ប្រធាន​ក្រុម​មេធាវី​ច្បាប់ ​និង​ពិគ្រោះ​យោបល់​របស់​គណៈមេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

ពាក្យ​ថា «​តុលាការ​» នៅ​ប្រទេស​កម្ពុជា​តាម​ច្បាប់​ត្រូវ​បាន​បែង​ចែក​ជា​ប៉ុន្មាន​ថ្នាក់​?

មុន​នឹង​ខ្ញុំ​បក​ស្រាយ​អំពី​តួ​សមាសភាព​របស់​ចៅក្រម ​និង​ព្រះរាជអាជ្ញា​ពេល​សវនាការ​ជំនុំ​ជម្រះ​ប្រជា​ពលរដ្ឋ​គួរ​គប្បី​ស្វែង​យល់​ពី​ចំណាត់​ថ្នាក់​របស់​តុលាការ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​មុន​សិន​។

តាម​ច្បាប់​តុលាការ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​២​ថ្នាក់​ គឺ​តុលាការ​ជាន់​ទាប​ដែល​មាន​សាលា​ដំបូង​ខេត្ត​-​ក្រុង​ និង​តុលាការ​យោធា​។​ឯ​តុលាការ​ជាន់​ខ្ពស់​មាន​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​។ ដោយ​ឡែក​ចំពោះ​សមាស​ភាព​ចៅក្រម​ជំនុំ​ជម្រះ​ក៏​មាន​ការ​ខុស​គ្នា​ផង​ដែរ​។

១, ចំពោះ​នៅ​សាលា​ដំបូង​ខេត្ត​-​ក្រុង ​និង​តុលាការ​យោធា​ជា​ទូទៅ​មាន​ចៅក្រម​ជំនុំ​ជម្រះ​តែ​១​រូប​ទេ​ហៅ​ថា​៖  ៉​ចៅក្រម​ទោល​ ឬ​សមាស​ភាព​ទោល​  ៉ តែ​នៅ​ពេល​ជំនុំ​ជម្រះ​បើ​មាន​សំណុំ​រឿង​ស្មុគស្មាញ ​គឺ​តម្រូវ​ឲ្យ​មាន​សមាសភាព​ចៅ​ក្រម​ ៣ រូប​។ ករណី​នេះ​ហៅ​ថា​៖  ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ហើយ​សេចក្តី​សម្រេច​ចេញ​មក​ហៅ​ថា​៖​ សាលក្រម​  ​។


២, ចំពោះ​សាលា​ឧទ្ធរណ៍​វិញ​ពេល​ជំនុំ​ជម្រះ​មាន​សមាសភាព​ចៅក្រម​៣​រូប​បើ​ទោះ​ជា​សំណុំ​រឿង​នោះ​មាន​ភាព​ស្មុគ​ស្មាញ​យ៉ាង​ណា​ក៏​ដោយ​ហើយ​សេចក្តី​សម្រេច​ក្រោយ​ពី​ការ​ជំនុំ​ជម្រះ​ចេញ​មក​ហៅ​ថា​៖  សាលដីកា។


៣, ​តុលាការ​កំពូល​អាច​មាន​បណ្តឹង​សារទុក្ខ​លើក​ទី​១ និង​លើក​ទី​២​។ ចំពោះ​បណ្តឹង​សារទុក្ខ​លើក​ទី​១​ហើយ​នៅ​ពេល​ជំនុំ​ជម្រះ ​គឺមាន​សមាសភាព​ចៅក្រម ​៥ ​រូប បើ​ទោះ​បី​ជា​សំណុំ រឿង​នោះ​មាន​ភាព​ស្មុគ​ស្មាញ​យ៉ាង​ណា​ក៏​ដោយ​។ ចំពោះ​សំណុំ​រឿង​តែ​មួយ​នោះ​មាន​បណ្តឹង​សារ​ទុក្ខ​ជា​លើក​ទី​២ ​ហើយ​នៅ​ពេល​ជំនុំ​ជម្រះ​ គឺ​មាន​សមាស​ភាព​ចៅ​ក្រម​ ៩​ រូប​នេះ​ជា​ច្បាប់​កំណត់​។ ហៅ​ថា​៖ ជំនុំ​ជម្រះ​រួម​ក្រុម​ ​ហើយ​ការ​ជំនុំ​ជម្រះ​នេះ​សេចក្តី​សម្រេច​ចេញ​មក​ហៅ​ថា សាល​ដីកា​។ ​រាល់​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ម្តងៗ​គេ​ឃើញ​ម្តង​មាន​សមាសភាព​ចៅក្រម ​៣ ​រូប ៥ ​រូប និង  ៩ ​រូប​។

ហេតុ​អ្វី​ទើប​តម្រូវ​ឲ្យ​មាន​សមាសភាព​ចៅក្រម​បែប​នេះ?

នៅ​ពេល​បើក​សវនាការ​ជំនុំ ជម្រះ​ម្តងៗ​មាន​សមាសភាព​ចៅក្រម​ម្តង​៣​រូប​,៥​រូប ​និង​ម្តង​មាន​៩​រូប​នោះ ​គឺ​ដាច់​ខាត​ត្រូវ​មាន​សមាសភាព​«​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​១​រូប​»​។​ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នោះ​មាន​សិទ្ធិអំណាច​លើស​ចៅក្រម​ប្រឹក្សា​តែ​ទៅ​លើ​ការ​សម្រប​សម្រួល​ទៅ​លើ​ការ​បញ្ជូន​សំណុំ​រឿង​និង​ក្នុង​អំឡុង​ពេល​សវនាការ​តែ​ប៉ុណ្ណោះ​។ ចំពោះ​សេចក្តី​សម្រេច ​គឺ​យក​សំឡេង​ភាគ​ច្រើន​៥០​បូក​១​។


ការ​ជំនុំ​ជម្រះ​មាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​១​រូប​ដែល​តាម​ធម្មតា​អ្នក​ជា​ប្រធាន​គេ​ត្រូវ​អារ​កាត់​សេច​ក្តី​ តែ​ហេតុអ្វី​បានជា​ចៅក្រម​សួរ​ទៅ​តំណាង​អយ្យការ​ ឬ​តំណាង​មហា​អយ្យការ​ដើម្បី​ឲ្យ​សន្និដ្ឋាន​ត្រូវ​ ពេល​ជំនុំ​ជម្រះ​ក្តី​តម្កល់​រឿង​នោះ​ឬ​មិន​តម្កល់​ឬ​ឲ្យ​ជន​ជាប់​ចោទ​រួច​ទោស​?

ចំពោះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ស្នើ​ទៅ​តំណាង​អយ្យការ​ ឬ​តំណាង​មហាអ្យការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចោទ ​ឬ​មិន​ចោទ​(តម្កល់ ​ឬ​មិន​តម្កល់​)​ នោះ ​គឺជា​ការ​សួរ​យោបល់​របស់​ចៅក្រម​ក្នុង​នាម​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​តែ​ប៉ុណ្ណោះ​។​ចំពោះ​តំណាង​អយ្យការ​ ឬ​តំណាង​មហា​អយ្យការ​គ្រាន់​តែ​ជា​មេធាវី​របស់​រដ្ឋ​ក្នុង​រឿង​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ​។ ឯការ​ឲ្យ​ជន​ជាប់​ចោទ​ណា​ម្នាក់​ត្រូវ​មាន​ទោស ​ឬ​ឲ្យ​ផុត​ពី​ការ​ចោទ ​គឺ​មិន​មែន​ព្រះរាជអាជ្ញា ​ឬក៏​ចៅ​ក្រម​ដែរ ​គឺ​ច្បាប់​ដោយ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​។​ ចៅ​ក្រម​គ្រាន់​តែ​ជា​អ្នក​ចេញ​សេចក្តី​សម្រេច​ដោយ​ផ្អែក​លើ​ច្បាប់ ​និង​ភ័ស្តុតាង​តែ​ប៉ុណ្ណោះ៕


ប្រភព៖ ភ្នំពេញប៉ុស្តិ៍


ផ្សាយបន្តដោយ៖ Klart Dean



Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ