ភាពខុសគ្នារវាងលិខិតសុំច្បាប់រៀបការ និងអេតាស៊ីវិល
តាម ពិត លិខិត សុំ ច្បាប់ រៀបការ និង លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឬ ហៅ ម៉្យាង ទៀត ថា អេតាស៊ីវិល នោះ ជា លិខិត ពីរ ខុស គ្នា។
លិខិត សុំ ច្បាប់ រៀប អាពាហ៍ពិពាហ៍ គឺ ជា លិខិត មួយ ប្រភេទ ដែល បុរស នារី ទាំងអស់ ត្រូវ តែ មាន ដើម្បី បាន ច្បាប់ រៀប អាពាហ៍ពិពាហ៍ ទៅ បាន។ លិខិត អនុញ្ញាត ឲ្យ រៀប អាពាហ៍ពិពាហ៍ គឺ ចេញ ដោយ អាជ្ញាធរ ឃុំ សង្កាត់ ដែល ជា ទី លំនៅ របស់ កូន ក្រមុំ រស់នៅ។ នៅ ពេល រៀប ការ គ្រប់ កូន ក្រមុំ និង កូន កំលោះ ទាំងអស់ ត្រូវ តែ សុំ លិខិត បញ្ជាក់ អំពី ភាព នៅ លីវ ឬ មិន ទាន់ មាន គូររបស់ ខ្លួន ដើម្បី សុំ ច្បាប់ រៀប អាពាហ៍ពិពាហ៍។
ចំណែក លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឬ ហៅ ថា អេតាស៊ីវិល នោះ គឺ ជា លិខិត មួយ ប្រភេទ ដែល កូន កំលោះ និង កូន ក្រមុំ បាន ដឹក ដៃ គ្នា ក្រោយ ពេល រៀប អាពាហ៍ពិពាហ៍ ទៅ សាលា ឃុំ ឬ សង្កាត់ ដើម្បី សុំ ចុះ ឈ្មោះ ក្នុង បញ្ជី អាពាហ៍ពិពាហ៍។
មាន ប្រជាពលរដ្ឋ មួយ ចំនួន មាន ការ យល់ ច្រឡំ ថា លិខិត សុំ ច្បាប់ រៀប អាពាហ៍ពិពាហ៍ និង លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ គឺ ជា លិខិត តែ មួយ។
លោក វុទ្ធី មាន ទី លំនៅ ក្នុង រាជធានី ភ្នំពេញ ក៏ មាន ការ យល់ មិន ច្បាស់ លើ ប្រភេទ លិខិត រៀប អាពាហ៍ពិពាហ៍ និង អេតាស៊ីវិល នេះ ដែរ៖ «ខ្ញុំ ឆ្ងល់ ថា អ្វី ទៅ ហៅ ថា អេតាស៊ីវិល នោះ? ជា ទូទៅ ចំពោះ ប្រជាពលរដ្ឋ ខ្មែរ យើង មុន ពេល រៀប ការ គេ តែង តែ ទៅ សុំ លិខិត រៀប អាពាហ៍ពិពាហ៍។ សំណួរ ខ្ញុំ សួរ ថា តើ លិខិត សុំ ច្បាប់ រៀប អាពាហ៍ពិពាហ៍ ពី ថ្នាក់ ភូមិ ឃុំ ខេត្ត គាត់ នោះ ជា អេតាស៊ីវិល ឬ មិន មែន ទេ?»។
លោក វុទ្ធី មាន សំណួរ បន្ថែម មួយ ទៀត ថា តើ លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឬ គេ និយម ហៅ តាម ភាសា បារាំង ថា អេតាស៊ីវិល នោះ វា មាន សារប្រយោជន៍ អ្វី ខ្លះ សម្រាប់ គូ ស្វាមី ភរិយា ដែល បាន ចុះ បញ្ជី អាពាហ៍ពិពាហ៍ នោះ?
ឆ្លើយ តប ចំពោះ សំណួរ អ្នក ស្តាប់ នេះ លោក សុក សំអឿន ជា មេធាវី និង ជា នាយក របស់ អង្គការ ក្រុម អ្នក ច្បាប់ ការពារ សិទ្ធិ កម្ពុជា មាន ប្រសាសន៍ ពន្យល់ ឲ្យ ដឹង ថា លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ មាន សារសំខាន់ និង មាន ប្រយោជន៍ ច្រើន យ៉ាង ដើម្បី ជួយ រួម ចំណែក ថែរក្សា ចំណង អាពាហ៍ពិពាហ៍ រវាង កូន កំលោះ និង កូន ក្រមុំ ឲ្យ បាន យូរ អង្វែង។ លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ និង លិខិត សុំ រៀប អាពាហ៍ពិពាហ៍ មិន ដូច គ្នា ទេ។
លោក សុក សំអឿន៖ «ខុស គ្នា ត្រង់ យើង សុំ រៀប អាពាហ៍ពិពាហ៍ នោះ គ្រាន់ តែ សុំ រៀប ការ ហ្នឹង? តែ មិន ច្បាស់ ថា ទៅ សុំ ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឬ អត់ ទេ។ និយាយ រួម សុំ លិខិត អាពាហ៍ពិពាហ៍ ដើម្បី បាន រៀប អាពាហ៍ពិពាហ៍ ក្នុង នោះ មាន រយៈ ប្រកាស ហើយ ទុក ឱកាស ឲ្យ មាន ការ តវ៉ា ថា ជា ប្ដី ឬ ប្រពន្ធ មុន ពេល រៀប ការ កើត ឡើង។ ដល់ ពេល រៀប អាពាហ៍ពិពាហ៍ ហើយ តើ មាន ការ ចុះ សម្រុង គ្នា ឬ អត់? ព្រោះ នៅ ក្នុង សង្គម យើង មាន អ្នក ខ្លះ រៀប អាពាហ៍ពិពាហ៍ ហើយ មិន មាន ការ ចុះ សម្រុង គ្នា ឡើយ។ ដូច្នេះ កាល ណា មិន ចុះ សម្រុង គ្នា ទេ មន្ត្រី អត្រានុកូលដ្ឋាន មិន ចុះ ក្នុង បញ្ជី អាពាហ៍ពិពាហ៍ ឲ្យ ទេ»។
លោក មេធាវី សុក សំអឿន បាន បញ្ជាក់ ថា អាជ្ញាធរ ចេញ លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឲ្យ គូ ស្វាមី ភរិយា ណា ដែល មាន ការ យល់ ព្រម គ្នា យក ជា ប្ដី ប្រពន្ធ ហើយ ស្ម័គ្រចិត្ត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ដោយ មាន ការ ដឹង ឮ និង យល់ ព្រម ពី សាច់ញាតិ គ្រួសារ ទាំង សងខាង។ ម៉្យាង វិញ ទៀត ច្បាប់ ថ្មី គឺ ក្រម រដ្ឋប្បវេណី បាន ចែង ថា អាជ្ញាធរ អាច ចេញ លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឲ្យ គូ ស្វាមី បាន លុះត្រា តែ គូ ស្វាមី ភរិយា ដែល សុំ ចុះ បញ្ជី អាពាហ៍ពិពាហ៍ នោះ ធ្វើ លិខិត កិច្ចសន្យា អាពាហ៍ពិពាហ៍ ជា លាយលក្ខណ៍អក្សរ ជា មុន សិន៖ «រៀប ការ នោះ គ្រាន់ តែ ជា នីតិវិធី មួយ ទេ។ ក៏ប៉ុន្តែ យើង ត្រូវ ចុះ បញ្ជី អាពាហ៍ពិពាហ៍ ហើយ យើង ត្រូវ ធ្វើ លិខិត កិច្ចសន្យា មួយ នៅ មន្ត្រី អត្រានុកូលដ្ឋាន»។
ចំពោះ សារប្រយោជន៍ នៃ លិខិត ចុះ បញ្ជី អាពាហ៍ពិពាហ៍ ឬ ហៅ ថា អេតាស៊ីវិល នោះ លោក មេធាវី សុក សំអឿន លើក ឡើង ថា លិខិត នោះ វា រួម ចំណែក រក្សា ចំណង អាពាហ៍ពិពាហ៍ គូ ស្វាមី ភរិយា ទាំងអស់ ផង ដែរ៖ «នៅ ពេល ណា យើង ចុះ បញ្ជី អាពាហ៍ពិពាហ៍ ហើយ យើង ក្លាយ ទៅ ជា ប្ដី ប្រពន្ធ ពេញ ច្បាប់ ហើយ។ កាល ណា យើង មាន អេតាស៊ីវិល អញ្ចឹង ហើយ បុរស ជា ប្ដី និង ភរិយា នេះ មិន អាច ទៅ ស្រឡាញ់ ទាក់ទង ជាមួយ អ្នក ក្រៅ ណា បាន ទៀត ឡើយ ក្រៅ ពី ប្ដី ប្រពន្ធ នៅ ក្នុង ចំណង អាពាហ៍ពិពាហ៍ »។
លោក មេធាវី សុក សំអឿន បាន ពន្យល់ ថា គូ ស្វាមី ដែល មាន អេតាស៊ីវិល បើ ចង់ លែងលះ គ្នា ក៏ មាន ការ លំបាក ដែរ ពីព្រោះ ត្រូវ ប្ដឹង ដល់ តុលាការ ដើម្បី ឲ្យ ចៅក្រម កាត់ សេចក្តី បាន អាច លែង គ្នា បាន។ ចំពោះ នីតិវិធី ក្នុង ការ លែងលះ ក៏ មាន ភាព ស្មុគស្មាញ ចំណាយ ពេល វេលា ច្រើន ដែល ជា ប្រយោជន៍ ផង ដែរ ដើម្បី ឲ្យ គូ ស្វាមី ភរិយា ដែល ចង់ លែងលះ គ្នា នោះ មាន ពេល វេលា គិតគូរ អាច ប្ដូរ ចិត្ត អនុគ្រោះ ឲ្យ គ្នា ហើយ បន្ត រួម រស់ ជា ប្ដី ប្រពន្ធ បាន បន្ត ទៀត៖ «និយាយ រួម នៅ ក្នុង សង្គម គេ មិន ចង់ ឲ្យ អ្នក រៀប ការ គ្នា នោះ រៀប ការ ហើយ បែក គ្នា បាន ទេ។ មាន ន័យ ថា បើ យើង មាន អេតាស៊ីវិល ហើយ ចង់ បែក គ្នា វិញ មាន នីតិវិធី វែង ឆ្ងាយ មុន អាច បែក គ្នា បាន។ ហើយ មួយ ទៀត គឺ ទាក់ទង ជាមួយ ទ្រព្យ សម្បត្តិ មាន ន័យ ថា កាល ណា យើង ចុះ បញ្ជី អាពាហ៍ពិពាហ៍ ហើយ ទ្រព្យ អ្នក ណា រក ក៏ ជា ទ្រព្យ សម្បត្តិ រួម របស់ សហព័ទ្ធ ដែរ។ ក៏ប៉ុន្តែ ក្រម រដ្ឋប្បវេណី ថ្មី បាន ទទួល ស្គាល់ ថា មាន ទ្រព្យ មុន អាពាហ៍ពិពាហ៍ ដែរ»។
បើ លោក អ្នក នាង មាន ចម្ងល់ ផ្សេងៗ ទាក់ទង រឿង ច្បាប់ លោក អ្នក នាង អាច ទាក់ទង មក នាទី អត្ថាធិប្បាយ ច្បាប់ របស់ វិទ្យុ អាស៊ីសេរី តាម ទូរស័ព្ទ លេខ ០១៦ ២៦ ១២ ៧៣៕
ប្រភព៖ អាស៉ីសេរី
បញ្ចូលរូបភាព និងផ្សាយបន្តដោយ៖ Klart Dean








Comments
Post a Comment